Mark 14

ព្រះ​យេស៊ូ​​ទទួល​ប្រេងតាំង​នៅ​ភូមិ​បេថានី​

1ឥឡូវនេះនៅពីរថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលងនិង​បុណ្យ​នំបុ័ងឥតមេ​ពួក​សម្ដេចសង្ឃនិង​ពួក​គ្រូវិន័យ​បាន​រិះរកឧបាយកលដើម្បីចាប់ព្រះអង្គសម្លាប់ 2ពួកគេនិយាយថា៖ ​«កុំ​ធ្វើ​ក្នុង​ពេល​បុណ្យអីក្រែងលោកើតមានចលាចល​ពី​ពួក​បណ្ដាជន» 3ពេលព្រះអង្គ​កំពុង​អង្គុយ​នៅតុអាហារក្នុងផ្ទះ​លោក​ស៊ីម៉ូនជា​មនុស្ស​ឃ្លង់នៅ​ក្រុង​បេថានី​នោះ​មាន​ស្ដ្រីម្នាក់​បាន​មកទាំងកាន់ដប​ដាក់​ប្រេង​ក្រអូបទេពិ្វរូសុទ្ធ​ដែល​មាន​តម្លៃបំផុត​ផង​ហើយ​នាង​បាន​បំបែកដបនោះចាក់​ប្រេង​លើ​ព្រះ​សិរ​របស់​ព្រះអង្គ 4ប៉ុន្ដែមានអ្នកខ្លះច្រណែនគ្នា​ក៏​និយាយ​ថា៖ ​«តើ​ហេតុអ្វីបានជាបង្ហិនប្រេងក្រអូបដូច្នេះ? 5ព្រោះប្រេងនេះអាចលក់បាន​ប្រាក់​លើសពីបីរយឌេណារីហើយ​អាច​ចែកទាន​ឲ្យ​អ្នកក្រ​បាន» ​ពួកគេ​ក៏បន្ទោសនាង 6តែព្រះ​យេស៊ូមានបន្ទូលថា៖ ​«បណ្ដោយ​តាម​នាងទៅហេតុអ្វី​ក៏​អ្នករាល់គ្នា​បង្ករឿង​ឲ្យ​នាងពិបាកដូច្នេះ? ​នាង​បាន​ធ្វើកិច្ចការដ៏ប្រសើរសម្រាប់ខ្ញុំ 7ដ្បិតអ្នកក្រតែងនៅជាមួយអ្នករាល់គ្នាជានិច្ច​អ្នករាល់គ្នា​ចង់ធ្វើល្អ​ចំពោះ​ពួកគេពេលណាក៏អាច​ធ្វើ​បានប៉ុន្ដែខ្ញុំវិញមិននៅជាមួយអ្នករាល់គ្នារហូតទេ 8នាងបាន​ធ្វើ​អ្វី​ដែល​នាង​អាចធ្វើបានរួចហើយ​គឺ​នាង​បាន​លាបប្រេងលើខ្លួនខ្ញុំដើម្បីរៀបចំបញ្ចុះសព​ខ្ញុំ​ជាមុន 9ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថានៅក្នុងពិភពលោកទាំងមូលទីណាដែល​គេ​ប្រកាសដំណឹងល្អ​គេ​ក៏និយាយ​ពី​អ្វី​ដែល​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើដែរដើម្បី​ជា​ការរំលឹក​ដល់​នាង»។ 10យូដាសអ៊ីស្ការីយ៉ុតជា​សាវក​ម្នាក់​នៅក្នុងចំណោម​សាវក​ទាំង​ដប់ពីរ​បាន​ទៅជួប​ពួក​សម្ដេចសង្ឃដើម្បីប្រគល់ព្រះអង្គទៅ​ឲ្យ​ពួកគេ 11ពេលពួកគេក៏ត្រេកអរណាស់និង​បាន​សន្យាឲ្យលុយ​ដល់​គាត់រួច​គាត់​ក៏រកមធ្យោបាយ​ដើម្បី​ប្រគល់ព្រះអង្គទៅ​ឲ្យគេ​តាម​ពេលវេលា​សមស្រប

អា​ហារ​ចុងក្រោយរបស់​ព្រះអម្ចាស់​

12នៅថ្ងៃទីមួយ​នៅ​ថ្ងៃ​បុណ្យ​នំបុ័ងឥតមេពេល​គេ​សម្លាប់​កូនចៀម​ធ្វើ​បុណ្យ​រំលង​ពួក​សិស្សសួរព្រះអង្គថា៖ ​«តើ​លោក​ចង់​ឲ្យ​យើង​រៀបចំឲ្យ​លោក​បរិភោគ​ក្នុង​ពិធី​បុណ្យ​រំលងនៅកន្លែងណា 13ព្រះអង្គក៏ចាត់សិស្ស​របស់​ព្រះអង្គពីរនាក់ទៅដោយមានបន្ទូលថា៖ ​«ចូរទៅក្នុងក្រុងនោះ​អ្នក​នឹង​ជួបបុរសម្នាក់លីក្អមទឹក​ហើយ​ទៅតាមអ្នកនោះចុះ 14ពេលគាត់​ចូលក្នុង​ផ្ទះ​មួយណា​ចូរ​ប្រាប់​ម្ចាស់​ផ្ទះនោះថាលោកគ្រូសួរថា​តើ​បន្ទប់ដែលខ្ញុំ​ត្រូវ​បរិភោគអាហារជាមួយសិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលងនៅឯណា? 15គាត់នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​នូវ​បន្ទប់ដ៏ធំមួយនៅជាន់លើដែលរៀបជាស្រេច​ចូរ​រៀបចំ​សម្រាប់​ពួក​យើងនៅទីនោះចុះ»។ 16សិស្សទាំងពីរនាក់នោះក៏ចេញទៅហើយ​ពេល​ចូលដល់ក្នុងក្រុង​ពួកគេ​ឃើញដូចដែល​ព្រះអង្គ​បាន​មានបន្ទូលបា្រប់ដូច្នេះ​ពួកគេ​ក៏រៀបចំ​ពិធី​បុណ្យ​រំលង 17លុះដល់ពេលល្ងាច​ព្រះអង្គ​ក៏មកជាមួយនឹង​សាវក​ទាំង​ដប់ពីរ 18ពេលពួកគេ​កំពុង​អង្គុយបរិភោគ​ព្រះ​យេស៊ូមានបន្ទូលថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថានៅក្នុងចំណោមអ្នករាល់គ្នា​មាន​ម្នាក់​នឹង​ក្បត់ខ្ញុំអ្នកនោះ​កំពុង​បរិភោគជាមួយខ្ញុំដែរ» 19ពួកគេចាប់ផ្ដើមកើតទុក្ខហើយសួរព្រះអង្គម្ដងម្នាក់ៗថា៖ ​«មិនមែនខ្ញុំ​ទេ​មែនទេ 20ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«គឺ​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​ដប់ពីរអ្នកនោះ​កំពុង​ជ្រលក់ក្នុងចានជាមួយខ្ញុំដែរ 21ដ្បិតកូនមនុស្ស​ត្រូវ​ទៅដូច​មាន​ចែងអំពីលោកមែនប៉ុន្ដែវេទនា​ដល់​អ្នកដែល​បាន​ក្បត់កូនមនុស្ស​ហើយ​ជា​ការ​ប្រសើរជាងប្រសិនបើអ្នកនោះមិន​បាន​កើតមកទេ» 22កាលពួកគេ​កំពុង​បរិភោគនោះ​ព្រះអង្គ​យកនំប៉័ងមកឲ្យពរហើយកាច់ចែក​ឲ្យ​ពួកគេទាំងមានបន្ទូលថា៖ ​«ចូរ​ទទួលចុះនេះជារូបកាយ​របស់​ខ្ញុំ» 23បន្ទាប់មកព្រះអង្គ​យកពែងមកអរព្រះគុណ​ហើយ​ឲ្យ​ពែងនោះ​ដល់​ពួកគេ​គេ​គ្រប់គ្នាក៏ផឹកពី​ពែង​នោះ 24រួចព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«នេះជាឈាម​របស់​ខ្ញុំគឺជា​ឈាម​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​បង្ហូរសម្រាប់​មនុស្ស​ជាច្រើន 25ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាខ្ញុំ​នឹង​មិនផឹកពីផលទំពាំងបាយជូរទៀតទេរហូតដល់ថ្ងៃដែលខ្ញុំ​នឹង​ផឹក​ជា​ថ្មីនៅក្នុងនគរព្រះជាម្ចាស់» 26ក្រោយពីច្រៀង​ចម្រៀង​សរសើរតម្កើង​រួច​ពួកគេ​ក៏ចេញទៅភ្នំ​ដើម​អូលីវ

ព្រះ​យេស៊ូ​​ប្រាប់​អោយ​ដឹង​ជា​មុន​អំពី​ការ​បដិសេធរបស់​លោក​ពេត្រុស​

27ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«នៅ​យប់​នេះ​គ្រប់គ្នា​នឹង​ជំពប់ដួលព្រោះ​មាន​សេចក្ដីចែង​ទុក​មក​ថា​យើង​នឹង​វាយ​អ្នក​គង្វាលហើយចៀម​នឹង​ខ្ចាត់ខ្ចាយទៅ 28ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ​ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេមុនអ្នករាល់គ្នា» 29ពេលនោះលោក​ពេត្រុសទូលព្រះអង្គថា៖ ​«ទោះ​មនុស្ស​គ្រប់គ្នាជំពប់ដួលក៏ដោយក៏ខ្ញុំមិន​ជំពប់ដួល​ឡើយ» 30ព្រះយេស៊ូក៏មានបន្ទូល​ទៅ​គាត់ថា៖ ​«ខ្ញុំ​ប្រាប់អ្នក​ជា​ប្រាកដ​នៅ​ថ្ងៃនេះថាគឺនៅយប់នេះមុនមាន់រងាវពីរដង​អ្នក​នឹង​បដិសេធបីដង​ថា​មិនស្គាល់​ខ្ញុំ» 31ប៉ុន្ដែគាត់ប្រកែកយ៉ាងដាច់ខាតថា៖ ​«ទោះបើខ្ញុំត្រូវស្លាប់ជាមួយ​នឹង​លោកក៏ដោយ​ក៏​ខ្ញុំ​នឹង​មិនបដិសេធជាដាច់ខាត​ថា​ខ្ញុំ​មិនស្គាល់​លោក​នោះ​ដែរ» ​រីឯ​ពួកគេ​ទាំងអស់ក៏និយាយដូច​លោកពេត្រុស​ដែរ

ការ​អធិស្ឋាន​នៅ​សួន​គែត​សេម៉ានី​

32បន្ទាប់មក​ពួកគេ​ក៏​មកដល់កន្លែងមួយដែលឈ្មោះ​ថា​សួន​គែតសេម៉ានី​ព្រះអង្គ​មានបន្ទូល​ទៅ​ពួក​សិស្សព្រះអង្គថា៖ ​«ចូរ​អង្គុយនៅទីនេះចុះពេល​ខ្ញុំ​កំពុង​អធិស្ឋាន» 33ព្រះអង្គក៏យក​លោក​ពេត្រុស​លោក​យ៉ាកុបនិង​លោក​យ៉ូហានទៅជាមួយហើយព្រះអង្គចាប់ផ្ដើមតានតឹងនិងពិបាកចិត្ដយ៉ាងខ្លាំង 34ព្រះអង្គក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«ខ្ញុំព្រួយចិត្ដស្ទើរស្លាប់ទៅហើយ​ចូរ​នៅទីនេះហើយប្រុងស្មារតី» 35កាលព្រះអង្គ​យាង​ទៅ​មុខ​បាន​បន្ដិចក៏ទម្លាក់ខ្លួន​ក្រាប​លើដីហើយអធិស្ឋានថាប្រសិនបើអាច​សូម​ឲ្យ​ពេលវេលានោះរំលងផុតពីព្រះអង្គទៅ 36គឺព្រះអង្គ​មានបន្ទូលថា៖ ​«អ័ប្បា​ព្រះ​វរ​បិតាអើយ! ​ព្រះអង្គអាច​ធ្វើ​គ្រប់ការ​ទាំងអស់បាន​សូម​ដកពែងនេះចេញពីខ្ញុំប៉ុន្ដែកុំតាមបំណង​របស់​ខ្ញុំឡើយគឺ​តាមបំណង​របស់​ព្រះអង្គវិញ» 37រួចព្រះអង្គ​ត្រលប់មកវិញក៏ឃើញពួកគេដេកលក់អស់​ព្រះអង្គ​មានបន្ទូល​ទៅ​លោក​ពេត្រុសថា៖ ​«ស៊ីម៉ូនអើយ! ​តើ​អ្នក​ដេកលក់ដែរឬ? ​តើ​អ្នក​ទ្រាំមិនដេក​តែ​មួយម៉ោងមិន​បាន​ទេ? 38ចូរប្រុងស្មារតីឡើង​ហើយ​អធិស្ឋានចុះដើម្បីកុំ​ឲ្យ​ធ្លាក់ក្នុងសេចក្ដីល្បួងដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែនប៉ុន្ដែរូបកាយខ្សោយទេ» 39ព្រះអង្គក៏ចេញទៅម្ដងទៀត​និង​បាន​អធិស្ឋាន​តាម​ពាក្យដដែល​ដូច​ព្រះអង្គ​មានបន្ទូល​ពី​មុន 40ពេលព្រះអង្គ​យាង​មក​វិញក៏ឃើញពួកគេដេកលក់ទៀតព្រោះពួកគេ​ងងុយ​បើកភ្នែកមិនរួចហើយ​គេ​មិនដឹងថា​គួរ​ឆ្លើយ​នឹង​ព្រះអង្គយ៉ាងដូចម្ដេចឡើយ 41កាលព្រះអង្គ​យាងមក​ជា​លើកទីបីក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​អ្នករាល់គ្នា​នៅ​ដេកនិងសម្រាកដល់​ពេលណា​ទៀត? ​ល្មមហើយមើល៍ពេលកំណត់មកដល់ហើយកូនមនុស្ស​នឹង​ត្រូវ​គេ​ប្រគល់ទៅក្នុងដៃ​ពួក​មនុស្ស​បាប 42ចូរក្រោកឡើង​យើង​នាំគ្នា​ទៅមើល៍អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។

គេ​ចាប់​ព្រះ​យេស៊ូ​​

43កាល​ព្រះអង្គ​កំពុង​មានបន្ទូលនៅឡើយនោះយូដាស​ជា​សាវក​ម្នាក់​នៅក្នុងចំណោម​សាវក​ទាំង​ដប់ពីរ​ក៏​មកដល់ភ្លាមហើយ​មាន​មនុស្ស​មួយក្រុម​ប្រដាប់​ដោយដាវនិងដំបង​មក​ជាមួយគាត់ដែរ​អ្នកទាំងនោះ​មកពី​ខាង​ពួក​សម្ដេចសង្ឃ​ពួក​គ្រូវិន័យនិង​ពួក​ចាស់ទុំ 44អ្នកក្បត់​ព្រះអង្គ​ម្នាក់​នោះ​បាន​ឲ្យសញ្ញា​ទៅ​ពួកគេ​ដោយ​និយាយថា៖ ​«ខ្ញុំ​ថើបអ្នកណាគឺអ្នកនោះហើយ​ចូរ​ចាប់គាត់ហើយនាំ​គាត់​ទៅ​ដោយ​ប្រយ័ត្នប្រយែងចុះ» 45គាត់ចូលមកភ្លាមក៏ចូលទៅជិតព្រះអង្គ​ទាំង​ទូល​ថា៖ ​«លោក​គ្រូ» ​រួចក៏ថើបព្រះអង្គ 46ហើយពួកគេ​ក៏លូកដៃចាប់ព្រះអង្គ 47តែមនុស្សម្នាក់ឈរនៅជិត​នោះ​បាន​ហូតដាវកាត់ដាច់ត្រចៀកបាវបម្រើម្នាក់​របស់​សម្ដេចសង្ឃ 48ព្រះយេស៊ូក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​អ្នករាល់គ្នា​មកតទល់​នឹង​ចោរឬអីបានជាមកចាប់ខ្ញុំទាំងមានដាវនិងដំបងដូច្នេះ? 49ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃ​ទាំង​បង្រៀននៅក្នុង​ព្រះ​វិហារ​ផង​អ្នករាល់គ្នាមិនចាប់ខ្ញុំទេប៉ុន្ដែ​ការ​នេះ​កើត​ឡើង​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទគម្ពីរ» 50ពួកគេទាំងអស់​គ្នា​ក៏​រត់​គេចខ្លួនចោលព្រះអង្គអស់ 51មានកំលោះម្នាក់​ដែល​បាន​ទៅតាមព្រះអង្គ​គាត់​ស្លៀក​តែ​ក្រណាត់ទេសឯកជាប់​នឹង​ខ្លួនទទេ​របស់​គាត់​ពួកគេ​ក៏ចាប់គាត់ 52គាត់ក៏រត់គេច​ទាំង​អាក្រាត​ទាំង​របូត​ក្រណាត់​ទេសឯកចេញ​ពី​ខ្លួន 53រួចពួកគេ​ក៏នាំ​ព្រះ​យេស៊ូទៅសម្ដេចសង្ឃ​ពួក​សម្ដេចសង្ឃ​ពួក​ចាស់ទុំនិង​ពួក​គ្រូវិន័យទាំងអស់​បាន​មក​ជួបជុំ​គ្នា

ព្រះ​យេស៊ូ​​នៅ​ចំពោះ​មុខ​ក្រុ​ម​ប្រឹក្សា​ជាន់​ខ្ពាស់​

54ឯ​លោក​ពេត្រុស​វិញ​បាន​ដើរតាមព្រះអង្គពីចម្ងាយរហូតដល់ក្នុងសាលាសម្ដេចសង្ឃហើយអង្គុយអាំងភ្លើងជាមួយ​ពួក​កងរក្សា​ព្រះវិហារ។ 55ពួកសម្ដេចសង្ឃនិងក្រុមប្រឹក្សាកំពូលទាំងមូល​បាន​រកសាក្សីប្រឆាំង​នឹង​ព្រះ​យេស៊ូដើម្បីសម្លាប់ព្រះអង្គប៉ុន្ដែ​ពួកគេ​រកមិនបានសោះ 56ព្រោះមនុស្ស​ច្រើននាក់​បាន​ធ្វើបន្ទាល់ក្លែងក្លាយប្រឆាំងព្រះអង្គប៉ុន្ដែបន្ទាល់ទាំងនោះមិនស្របគ្នាទេ 57អ្នកខ្លះ​បាន​ក្រោកឡើងធ្វើបន្ទាល់ក្លែងក្លាយប្រឆាំង​នឹង​ព្រះអង្គថា 58«យើង​បាន​គាត់និយាយថាខ្ញុំ​នឹង​បំផ្លាញ​ព្រះ​វិហារដែលធ្វើ​ដោយ​ដៃ​មនុស្សនេះចោលហើយបីថ្ងៃក្រោយ​ខ្ញុំ​នឹង​សង់មួយទៀត​ដែល​មិន​ធ្វើពី​ដៃ​មនុស្ស​ទេ» 59ទោះជាដូច្នេះក្ដី​ក៏​បន្ទាល់​របស់​ពួកគេមិនស្របគ្នាសោះ 60សម្ដេចសង្ឃក៏ក្រោកឈរឡើងនៅកណ្ដាល​ពួកគេ​សួរ​ព្រះ​យេស៊ូថា៖ ​«តើ​អ្នក​គ្មានចម្លើយ​ចំពោះ​អ្វី​ដែល​អ្នក​ទាំងនេះ​បាន​ចោទ​ប្រកាន់​អ្នកទេ 61តែព្រះអង្គ​នៅ​ស្ងៀមមិនឆ្លើយអ្វីឡើយសម្ដេចសង្ឃ​ក៏​សួរព្រះអង្គទៀតថា៖ ​«តើ​អ្នកជា​ព្រះ​គ្រិស្ដ​ដែល​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏មានពរ​មែន​ 62ព្រះយេស៊ូឆ្លើយថា៖ ​«គឺ​ខ្ញុំ​ហើយ​អ្នករាល់គ្នា​នឹង​ឃើញកូនមនុស្សអង្គុយនៅ​ខាង​ស្ដាំព្រះជាម្ចាស់​ដ៏​មាន​អំណាចហើយមកជាមួយពពក​លើ​មេឃ» 63សម្ដេចសង្ឃក៏​ហែកអាវ​របស់​ខ្លួនរួចនិយាយថា​«តើ​យើង​នៅត្រូវការសាក្សីធ្វើអ្វីទៀត? 64អ្នករាល់គ្នាបាន​ស្ដាប់ឮ​ពាក្យ​ប្រមាថដល់ព្រះជាម្ចាស់ហើយ​តើ​អ្នករាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេចដែរ?» ​ពេលនោះពួកគេទាំងអស់គ្នា​បាន​កាត់ទោសព្រះអង្គ​ថា​សមតែស្លាប់ 65អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គបិទមុខព្រះអង្គហើយដាល់ព្រះអង្គរួចនិយាយថា៖ ​«ទាយ​ទៅ​មើល៍!» ​ពួក​កងរក្សា​ព្រះវិហារ​ក៏​យក​ព្រះអង្គ​មក​ទះកំផ្លៀង 66ពេលនោះ​លោក​ពេត្រុសកំពុងតែនៅទីលាន​ខាង​ក្រោម​ហើយ​មាន​ស្ដ្រី​ម្នាក់​ជា​បាវបម្រើ​របស់​សម្ដេចសង្ឃមកដល់

លោក​ពេត្រុស​មិន​ទ​ទួល​ស្គាល់​ព្រះ​យេស៊ូ​​

67កាល​ឃើញ​លោក​ពេត្រុស​កំពុង​អាំងភ្លើង​នាង​បាន​សម្លឹងមើលគាត់​ហើយ​និយាយ​ថា៖ ​«អ្នកក៏នៅជាមួយយេស៊ូ​អ្នកក្រុង​ណាសារ៉ែតដែរ» 68ប៉ុន្ដែគាត់​បដិសេធថា៖ ​«ខ្ញុំ​មិនដឹងនិង​មិន​យល់​អំពី​អ្វីដែលអ្នក​កំពុង​និយាយ​នោះ​ទេ» ​រួច​គាត់​ចេញទៅខាងក្រៅនៅមុខសាលាមាន់ក៏រងាវឡើង 69ហើយស្រីបម្រើម្នាក់​ដែល​បាន​ឃើញគាត់​ក៏​ចាប់ផ្ដើមប្រាប់អ្នកដែលឈរនៅក្បែរ​នោះ​ម្ដងទៀតថា៖ ​«អ្នកនេះ​ក៏​នៅក្នុងចំណោម​ពួក​អ្នកទាំងនោះ​ដែរ» 70ប៉ុន្ដែគាត់បដិសេធម្ដងទៀតរួចមួយសន្ទុះក្រោយមកអ្នក​ដែល​ឈរក្បែរ​នោះ​ក៏​និយាយ​ទៅ​លោក​ពេត្រុសម្ដងទៀត​ថា៖ ​«អ្នក​ជាម្នាក់ក្នុងចំណោមពួកគេប្រាកដណាស់ព្រោះ​អ្នក​ជា​អ្នក​ស្រុក​កាលីឡេ» 71គាត់ក៏ចាប់ផ្ដើមប្រមាថព្រមទាំងស្បថថា៖ ​«ខ្ញុំមិនស្គាល់មនុស្សដែល​ពួក​អ្នក​កំពុង​និយាយនេះទេ» 72ភ្លាមនោះមាន់ក៏រងាវឡើងជា​លើក​ទីពីរ​លោក​ពេត្រុសនឹកចាំ​ពី​ព្រះបន្ទូលដែល​ព្រះ​យេស៊ូ​បាន​ប្រាប់គាត់ថា៖ ​«មុនមាន់រងាវពីរដង​អ្នក​នឹង​បដិសេធ​ថា​មិន​ស្គាល់​ខ្ញុំបីដង» ​រួច​គាត់​ក្ដុកក្ដួល​ក្នុង​ចិត្ដ​ហើយ​ក៏ទ្រហោយំ
Copyright information for KhmKCB